Matthew 16

ពួកមេដឹកនាំសាសនាចង់ឃើញទីសំគាល់ពីព្រះយេស៊ូ

1ពួក​អ្នកខាងគណៈផារិស៊ីនិង​ពួក​អ្នកខាងគណៈសាឌូស៊ី​បាន​មកល្បងល​ព្រះអង្គ​ពួកគេ​សុំព្រះអង្គ​ឲ្យ​បង្ហាញទីសំគាល់មួយពីស្ថានសួគ៌​ដល់​ពួកគេ 2ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយ​ទៅ​ពួកគេថា៖ ​«ពេលល្ងាច​អ្នករាល់គ្នា​និយាយថាធាតុអាកាសល្អព្រោះមេឃ​ពណ៌​ក្រហម 3ដល់ព្រឹកឡើងក៏​និយាយ​ថា​ថ្ងៃនេះធាតុអាកាសមិនល្អទេព្រោះមេឃក្រហមមានពពកច្រើន។ ​អ្នករាល់គ្នា​ចេះសំគាល់សណ្ឋាន​របស់​មេឃប៉ុន្ដែ​អ្នករាល់គ្នា​មិនអាច​ស្គាល់​ទីសំគាល់​នា​សម័យនេះបានឡើយ 4ជំនាន់មនុស្ស​ដ៏អាក្រក់និងផិតក្បត់ស្វែងរកទីសំគាល់ប៉ុន្ដែគ្មានទីសំគាល់ណាប្រទាន​ឲ្យ​មនុស្ស​ជំនាន់នេះទេក្រៅពីទីសំគាល់​របស់​លោក​យ៉ូណាស់» ​រួច​ព្រះអង្គ​ក៏យាងចាកចេញ​ពី​ពួកគេទៅ 5ពេល​ពួក​សិស្ស​ឆ្លង​ទៅត្រើយម្ខាង​ពួកគេ​ភ្លេចយកនំប៉័ង 6ព្រះយេស៊ូមានបន្ទូល​ទៅ​ពួកគេថា៖ ​«ចូរ​ប្រុងប្រយ័ត្ននឹងមេនំប៉័ង​របស់​ពួក​អ្នកខាងគណៈផារិស៊ីនិង​ពួក​អ្នកខាងគណៈសាឌូស៊ី» 7នោះពួកសិស្សក៏សួរដេញដោលគ្នាថា៖ ​«ព្រោះតែ​យើង​មិន​បាន​យកនំប៉័ងមកទេដឹង»។ 8កាលព្រះ​យេស៊ូជ្រាបហើយក៏មានបន្ទូលថា៖ ​«ឱ​អ្នកមានជំនឿតិចអើយ! ​ហេតុអ្វីបានជា​អ្នករាល់គ្នា​សួរដេញដោលគ្នាអំពី​ការ​ដែល​អ្នករាល់គ្នា​គ្មាននំប៉័ង​ដូច្នេះ? 9តើអ្នករាល់គ្នា​នៅតែមិនទាន់យល់ឬក៏​មិន​ចាំ​ពី​នំប៉័ងប្រាំដុំ​សម្រាប់​មនុស្ស​ប្រាំពាន់នាក់ទេឬ? ​តើ​អ្នករាល់គ្នា​ប្រមូលបានប៉ុន្មានកន្ត្រក? 10ចុះនំប៉័ងប្រាំពីរដុំ​សម្រាប់​មនុស្ស​បួនពាន់នាក់​តើ​អ្នករាល់គ្នា​ប្រមូលបានប៉ុន្មានកន្ដ្រក? 11តើដូចម្ដេចបានជា​អ្នករាល់គ្នា​មិនយល់ដូច្នេះ​ខ្ញុំ​មិន​បាន​និយាយ​នឹង​អ្នករាល់គ្នាអំពីនំប៉័ងទេគឺ​ឲ្យ​ប្រយ័ត្ននឹងមេនំប៉័ងរបស់​ពួក​អ្នកខាងគណៈផារិស៊ីនិង​ពួក​អ្នកខាងគណៈសាឌូស៊ីទេតើ»។ 12បន្ទាប់មកទើប​ពួកគេ​យល់ថា​ព្រះអង្គ​មិន​បាន​មានបន្ទូល​ឲ្យ​ប្រយ័ត្ននឹងមេនំប៉័ងទេប៉ុន្ដែ​គឺ​ឲ្យ​ប្រយ័ត្ន​នឹងសេចក្ដីបង្រៀន​របស់​ពួក​អ្នកខាងគណៈផារិស៊ីនិង​ពួក​អ្នកខាងគណៈសាឌូស៊ីវិញ

លោកពេត្រុសប្រាប់ថាព្រះយេស៊ូជាព្រះម៉ែស៊ី

13កាល​ព្រះ​យេស៊ូយាងមកដល់តំបន់​ក្រុង​សេសារាភីលីព​ព្រះអង្គ​សួរ​ពួក​សិស្សរបស់ព្រះអង្គថា៖ ​«តើ​មនុស្សទាំងឡាយនិយាយថាកូនមនុស្ស
«កូនមនុស្ស» ជាងារដែលប្រើសម្រាប់តែព្រះយេស៊ូប៉ុណ្ណោះ នៅក្នុងគម្ពីរសញ្ញាថ្មី។ មាន​នៅ​ក្នុង ១៦:២៧-២៨ ដែរ​។​
ជាអ្នកណា
14ពួកគេទូលថា៖ ​«អ្នក​ខ្លះ​ថា​លោក​យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក​អ្នក​ខ្លះទៀត​ថា​លោក​អេលីយ៉ាហើយ​អ្នក​ខ្លះទៀត​ថា​លោក​យេរេមាអ្នកនាំព្រះបន្ទូលម្នាក់» 15ព្រះអង្គសួរពួកគេថា៖ ​«ចុះអ្នករាល់គ្នាវិញថាខ្ញុំជាអ្នកណា​ដែរ?» 16លោកស៊ីម៉ូនពេត្រុសទូលតបថា៖ ​«លោកជា​ព្រះ​គ្រិស្ដ​គឺ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់» 17ព្រះយេស៊ូមានបន្ទូលឆ្លើយ​ទៅ​គាត់ថា៖ ​«អ្នកមានពរហើយស៊ីម៉ូន​កូន​យ៉ូណាសអើយ! ​ដ្បិតសាច់ឈាមមិន​បាន​បើកសំដែង​សេចក្ដីនេះ​ដល់​អ្នកទេគឺ​ព្រះ​វរបិតា​របស់​ខ្ញុំដែលគង់នៅស្ថានសួគ៌វិញ 18ហើយខ្ញុំ​ក៏​ប្រាប់អ្នកដែរថាអ្នកឈ្មោះពេត្រុស​ខ្ញុំ​នឹង​សង់ក្រុមជំនុំ​របស់​ខ្ញុំ​នៅ​លើថ្មដានេះទ្វារស្ថាននរកមិនឈ្នះក្រុមជំនុំនេះឡើយ 19ខ្ញុំនឹង​ឲ្យកូនសោនៃនគរស្ថានសួគ៌​ដល់​អ្នកហើយបើ​អ្នក​ចងអ្វី​នៅ​លើផែនដី​នោះ​នឹងចងនៅស្ថានសួគ៌​ដែរ​រួចបើ​អ្នក​ស្រាយអ្វី​នៅ​លើផែនដី​នោះ​នឹងស្រាយនៅឯស្ថានសួគ៌​ដែរ»។ 20បន្ទាប់មកព្រះអង្គ​បាន​បង្គាប់​ដល់​ពួក​សិស្សមិនឲ្យនិយាយប្រាប់​នរណា​ម្នាក់​ថាព្រះអង្គជា​ព្រះ​គ្រិស្ដទេ

ព្រះយេស៊ូប្រាប់ជាមុនអំពីការសោយទិវង្គតនិងការរស់ឡើងវិញរបស់ព្រះអង្គ

21ចាប់តាំងពីពេលនោះមក​ព្រះ​យេស៊ូចាប់ផ្ដើមបង្ហាញ​ដល់​ពួក​សិស្ស​របស់​ព្រះអង្គថាព្រះអង្គត្រូវតែទៅ​ក្រុង​យេរូសាឡិមហើយ​ទទួល​រងទុក្ខជាច្រើនពី​ពួក​ចាស់ទុំ​ពួក​សម្ដេចសង្ឃនិង​ពួក​គ្រូវិន័យរួច​ត្រូវគេ​សម្លាប់ហើយរស់ឡើងវិញនៅថ្ងៃទីបី 22លោកពេត្រុសនាំព្រះអង្គ​ទៅ​ដាច់ដោយឡែក​ពីគេរួចក៏ចាប់ផ្ដើម​ទូល​ជំទាស់ព្រះអង្គថា៖ ​«ព្រះអម្ចាស់អើយ! ​សូម​មេត្ដាអាណិត​ផង​ចុះ​ការ​នេះ​នឹង​មិនកើតឡើង​ចំពោះ​ព្រះអង្គជាដាច់ខាត» 23ប៉ុន្ដែព្រះអង្គ​បាន​បែរមកមានបន្ទូល​ទៅ​លោក​ពេត្រុសថា៖ ​«អារក្ស​សាតាំង​ចូរ​ថយទៅក្រោយយើងទៅ​ឯង​ជាសេចក្ដីបង្អាក់​ដល់​យើងដ្បិតឯងមិនគិតតាមគំនិត​របស់​ព្រះជាម្ចាស់ទេគឺ​គិតតាម​គំនិត​របស់​មនុស្សវិញ»។

អ្នកដើមតាមព្រះយេស៊ូត្រូវថ្វាយខ្លួននិងជីវិត

24បន្ទាប់មក​ព្រះ​យេស៊ូមានបន្ទូល​ទៅ​ពួក​សិស្សរបស់ព្រះអង្គថា៖ ​«បើអ្នកណាចង់មកតាមខ្ញុំ​អ្នកនោះ​ត្រូវ​លះបងខ្លួងឯងហើយលីឈើឆ្កាង​របស់​ខ្លួនមកតាមខ្ញុំចុះ 25ដ្បិតអ្នកណា​ដែល​ចង់រក្សាជីវិត​របស់​ខ្លួន​អ្នកនោះ​នឹង​បាត់ជីវិតទៅប៉ុន្ដែអ្នកណា​ដែល​បាត់បង់ជីវិតដោយព្រោះខ្ញុំ​អ្នកនោះ​នឹង​បានជីវិតវិញ 26បើមនុស្សម្នាក់ទទួលបានពិភពលោកទាំងមូលប៉ុន្ដែបាត់បង់ជីវិត​របស់​ខ្លួន​តើ​មានប្រយោជន៍អ្វី? ​តើ​មនុស្សយកអ្វីមកប្ដូរនឹងជីវិត​របស់​ខ្លួន​បាន? 27ព្រោះកូនមនុស្សនឹងមកនៅក្នុងសិរីរុងរឿង​នៃ​ព្រះ​វរបិតា​របស់​លោកជាមួយ​ពួក​ទេវតា​របស់​លោករួចពេលនោះ​លោក​នឹង​សង​ដល់​ម្នាក់ៗតាមការប្រព្រឹត្ដិ​របស់​គេ 28ខ្ញុំប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថា​អ្នក​ខ្លះ​ក្នុងចំណោម​ពួក​អ្នក​កំពុង​ឈរនៅទីនេះ​នឹង​មិនស្គាល់សេចក្ដីស្លាប់ឡើយលុះត្រាតែឃើញកូនមនុស្សមកជាមួយនគរ​របស់​លោក»។
Copyright information for KhmKCB